នៅខេត្តកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំមួយឈ្មោះថា ភ៉្នំសែនហាន។ តាំងនៅទិសខាងលិចវត្តអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ អតីតស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយពីវត្តនេះប្រមាណ៣គីឡូមែត្រ។ ភ្នំនោះមានបណ្តោយប្រមាណ១០គ.ម ទទឹងប្រហែលជា៥គ.ម កម្ពស់តាមចម្ងាយផ្លូវដើរឡើងពីជើងភ្នំដល់កំពូល ប្រមាណ ២គ.ម ហើយមានដើមរុក្ខជាតិគ្រប់មុខ ដុះលើភ្នំនោះណែនណាន់តាន់តាប់។ នៅក្បែរជើងភ្នំមានជ្រោះមួយ ឈ្មោះជ្រោះស្លា ស្ថិតនៅខាងលិចវត្តអង្គពន្លឺដែលមានទឹកពណ៌ខៀវថ្លាឆ្វង់ គួរជាទីរីករាយសប្បាយ ជាលំនៅនៃពួកមច្ឆាជាតិទាំងឡាយ។
ភ្នំនេះមានឈ្មោះថា សែនហាន ដោយមានរឿងព្រេងដែលអ្នកស្រុកនិទានតៗគ្នាមកថា ៖
សម័យពីព្រេងនាយក្នុងគ្រាមួយួ ដែលអ្នកស្រុកអំណត់ណាស់ មានមនុស្សច្រើននាក់ទៅរកស៊ីធ្វើការនៅជើងភ្នំនោះ ដែលជាភ្នំពុំទាន់មានឈ្មោះថាអីនៅឡើយ ហើយភ្នំនោះពុំទាន់មានដើមឈើច្រើននៅឡើយផង គេបាននាំគ្នាដាំដំណាំផ្សេងៗជាច្រើនមាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម។ ក្នុងគ្រានោះមានតាម្នាក់ឈ្មោះ សែន នៅធ្វើចំការក្នុងទីនោះដែរ។ ពេលដែលដំណាំកំពុងតែលូតលាស់ល្មមប្រើការបាន ស្រាប់តែមានដំរីសមួយ ចូលមកកាច់ចេក ដកដំណាំនោះស៊ីជារឿយៗ។ តាសែនគិតថា បើអញមិនរកមធ្យោបាយកំចាត់ដំរីនេះចេញទេ មុខតែថ្ងៃណាមួយវានឹងស៊ីដំណាំនេះអស់ជាមិនខាន ទើបគាត់ចាប់កាំបិតលំពែងនិងកាំបិតព្រោះដេញចាក់កាប់ដំរីនេះដរាប ដល់ស្លាប់ ឯជនឯទៀតមិនហ៊ានដេញចាក់កាប់ដំរីនោះសោះឡើយ។ កាលដែលតាសែនសម្លាប់ដំរីនោះបានហើយ អ្នកស្រុកភូមិទាំងអស់គ្នា ហៅគាត់ថា តាសែនក្លាហានៗ។
លុះចំណេរតៗមក ពេលតាសែនគាត់ធ្វើមរណកាលហើយក្តីក៏មនុស្សអ្នកស្រុកភូមិនាំគ្នា ហៅភ្នំដែលជាលំនៅតាសែននោះថា ភ្នំតាសែនក្លាហាន លុះយូរៗតៗទៀត ក៏ហៅខ្លីមកត្រឹម ភ៉្នំសែនហានៗ រហូតមកដល់សព្វថ្ងៃនេះ។
No comments:
Post a Comment