Tuesday, February 22, 2011

រឿង​ភ្នំ​សែន​ហាន នៅ​ខេត្ត​កំពត

នៅ​ខេត្ត​កំពត ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មាន​ភ្នំ​មួយ​ឈ្មោះ​ថា ភ៉្នំ​សែន​ហាន។ តាំង​នៅ​ទិស​ខាង​លិច​វត្ត​អង្គរ​ជ័យ ឃុំ​អង្គរ​ជ័យ ស្រុក​អង្គរ​ជ័យ អតីត​ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ចម្ងាយ​ពី​វត្ត​នេះ​ប្រមាណ​៣​គីឡូ​មែត្រ។ ភ្នំ​នោះ​មាន​បណ្តោយ​ប្រមាណ​១០​គ.ម ទទឹង​ប្រហែល​ជា​៥​គ.ម កម្ពស់​តាម​ចម្ងាយ​ផ្លូវ​ដើរ​ឡើង​ពី​ជើង​ភ្នំ​ដល់​កំពូល​ ប្រមាណ ២​គ.ម ហើយ​មាន​ដើម​រុក្ខ​ជាតិ​គ្រប់​មុខ ដុះ​លើ​ភ្នំ​នោះ​ណែន​ណាន់​តាន់​តាប់។ នៅ​ក្បែរ​ជើង​ភ្នំ​មាន​ជ្រោះ​មួយ ឈ្មោះ​ជ្រោះ​ស្លា ស្ថិត​នៅ​ខាង​លិច​វត្តអង្គ​ពន្លឺ​ដែល​មាន​ទឹក​ពណ៌​ខៀវ​ថ្លា​ឆ្វង់ គួរ​ជា​ទី​រីក​រាយ​សប្បាយ ជា​លំនៅ​នៃ​ពួក​មច្ឆា​ជាតិ​ទាំង​ឡាយ។
ភ្នំនេះ​មាន​ឈ្មោះ​ថា សែន​ហាន ដោយ​មាន​រឿង​ព្រេង​ដែល​អ្នក​ស្រុក​និទាន​តៗ​គ្នា​មក​ថា ៖
សម័យ​ពី​ព្រេង​នាយ​ក្នុង​គ្រា​មួយួ ដែល​អ្នក​ស្រុក​អំណត់​ណាស់ មាន​មនុស្ស​ច្រើន​នាក់​ទៅ​រក​ស៊ី​ធ្វើ​ការ​នៅ​ជើង​ភ្នំ​នោះ ដែល​ជា​ភ្នំ​ពុំ​ទាន់​មាន​ឈ្មោះ​ថា​អី​នៅ​ឡើយ ហើយ​ភ្នំ​នោះ​ពុំ​ទាន់​មាន​ដើម​ឈើ​ច្រើន​នៅ​ឡើយ​ផង គេ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​មាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម។ ក្នុង​គ្រា​នោះ​មាន​តា​ម្នាក់​ឈ្មោះ សែន នៅ​ធ្វើ​ចំការ​ក្នុង​ទី​នោះ​ដែរ។ ពេល​ដែល​ដំណាំ​កំពុង​តែ​លូត​លាស់​ល្មម​ប្រើ​ការ​បាន ស្រាប់​តែ​មាន​ដំរីស​មួយ ចូល​មក​កាច់​ចេក ដក​ដំណាំ​នោះ​ស៊ី​ជា​រឿយ​ៗ។ តា​សែន​គិត​ថា បើ​អញ​មិន​រក​មធ្យោ​បាយ​កំចាត់​ដំរី​នេះ​ចេញ​ទេ មុខ​តែ​ថ្ងៃ​ណា​មួយ​វា​នឹង​ស៊ី​ដំណាំ​នេះ​អស់​ជា​មិន​ខាន ទើប​គាត់​ចាប់​កាំបិត​លំពែង​និង​កាំបិត​ព្រោះ​ដេញ​ចាក់​កាប់​ដំរី​​នេះ​ដរាប ​ដល់​ស្លាប់ ឯ​ជន​ឯ​ទៀត​មិន​ហ៊ាន​ដេញ​ចាក់​កាប់​ដំរី​នោះ​សោះ​ឡើយ។ កាល​ដែល​តាសែន​សម្លាប់​ដំរី​នោះ​បាន​ហើយ អ្នក​ស្រុក​ភូមិ​ទាំង​អស់​គ្នា ហៅ​គាត់​ថា តាសែន​ក្លា​ហានៗ។
លុះ​ចំណេរ​តៗ​មក ពេល​តា​សែន​គាត់​ធ្វើ​មរណ​កាល​ហើយ​ក្តីក៏​មនុស្ស​អ្នក​ស្រុក​ភូមិ​នាំ​គ្នា​ ហៅ​ភ្នំ​ដែល​ជា​លំនៅ​តា​សែន​នោះ​ថា ភ្នំ​តា​សែន​ក្លាហាន លុះ​យូរ​ៗ​តៗ​ទៀត ក៏​ហៅ​ខ្លី​មក​ត្រឹម ភ៉្នំ​សែន​ហាន​ៗ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

រឿង​វត្ត​សំពៅ​ប្រាំ នៅ​ភ្នំ​បូក​គោ

វត្ត​សំពៅ​ប្រាំ ស្ថិត​នៅ​ទី​ខ្ពង់​រាប នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ​រាជ​ការ​បាន​តាំង​ជា​ទី​ក្រុង​ទេសចរណ៏​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រុ។ ភ្នំនេះ​ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ប៉ុន្តែ​សព្វ​ថ្ងៃ​គេ​កាត់​ចេញ​ដោយ​ឡែក​ជា​បុរី​មួយ ដោយ​មាន​ការ​គ្រប់​គ្រង​ពិសេស​ដាច់​ចេញ​ពី​ខេត្ត​កំពត។
សព្វ​ថ្ងៃ​ទី​ក្រុង​ថ្មី​នេះ បាន​រៀប​ចំ​ជា​ថ្មី​ឱ្យ​ទាន់​សម័យ ឯ​ផ្លូវ​ថ្នល់​ដែល​លូន​ក្រវេច​ក្ររៀន​តាម​ចង្កេះ​ភ្នំ កាត់​ជា​ជ្រោះ​ឡើង​ទៅ​ខ្ពង់​បុព្វតា​នេះ ក៏​បាន​ក្រាល​ថ្ម​ចាក់​ជ័រ​យ៉ាង​ស្អាត​បាត រថយន្ត​តូច​គ្រប់​ធុន​បើក​បរ​គ្មាន​លំបាក​ទេ លើក​លែង​តែ​រថយន្ត​ធំ​វែងៗ​បើក​បរ​ពុំ​បាន ត្បិត​បត់​បែន​ពុំ​កើត ព្រោះ​ផ្លូវ​នេះ​ក្ងិក​ក្ងក់​ពេក។ ផ្លូវ​ឡើង​នេះ​មាន​ចម្ងាយ​ចាប់​តាំង​ពី​ត្រង់​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៣ (ផ្លូវ​កំពត​-​វាល​​រិញ) ទៅ​មាន​៣២​គ.ម ប៉ុនែ្ត​ដោយ​ផ្លូវ​បត់​បែន ហើយ​ត្រូវ​ឡើង​ជា​ដរាប​ផង រថយន្ត​បើក​ពុំ​សូវ​លឿន​ប៉ុន្មាន​ទេ។ ពី​ដើម​ខ្ពង់​រាប​បូក​គោ​ជា​កន្លែង​យក​ខ្យល់​អាកាស​សម្រាប់​ជន​ជាតី​អ៊ឺរ៉ុប ដែល​ជា​អាណា​ព្យាបាល​ស្រុក​យើង គឺ​លោក​ហ្វ្រង់ស្វា-បូដ្វាំង ជា​រេស៊ីដង់​សុប៉េរេយើ នៅ​ប្រទេស​ កម្ពុជា​បាន​ចាត់​កសាង ហើយ​សម្ពោធ​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​១៩២៥។ កាល​ពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​ថា បារាំង​រៀប​ចំ ធ្វើ​ទី​សំណាក់​អាស្រ័យ​យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ ដូច្នេះ​ព្រះ​មហាក្សត្រ​ខ្មែរ​យើង​ក៏​ព្រះ​អង្គ ទ្រង់​ព្រះ​តំរិះ​ដល់​ព្រះ​ពុទ្ធិ​សាសនា​ភ្លាម​ដែរ គឺ​ព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដោយ​មាន​កូន​វិហារ​តូច​មួយ​នឹង​ចេតិយ​ឡើង​មួយ​ដែរ។ សំណង់​វត្ត​នេះ​តាំង​លើ​ដី​ខ្ពស់ ជា​កំពូល​ភ្នំ​ដ៏​មាន​ផែន​ថ្ម​ធំៗ​នៅ​ពាស​ពេញ ចម្លែក​ជាង​គេ​គឺ​ផែន​ថ្ម ជា​បន្ទះៗ មាន​ទំហំ​បណ្តោយ​ប្រមាណ​ជា​ជាង​១០មែត្រ និង​កំពស់​ប្រហែល​ជិត​១០​មែត្រ​ដែរ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ​មាន​ភាព​សំប៉ែត​ខ្ពស់ ទ្រ​ទុង​នៅ​តំរៀប​គ្នា​ជា​ប្រាំ​សន្លឹក មាន​សណ្ឋាន​ដូច​ក្តោង​សំពៅ​ត្រដាង។ ដោយ​ឃើញ​រូប​ភាព​​នៃ​ថ្ម​ទាំង​ប្រាំ​ផែន​នេះ មាន​សណ្ឋាន​ដូច​សំពៅ​៥ កំពុង​បើក​ក្តោង ហើយ​ការ​កសាង​ក៏​ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នក​ផង​ហៅ​ទីនេះ​តាម​សន្មត់​ថា “វត្តសំពៅ​ប្រាំ ” ។
កាល​បើ​បាន​ឈ្មោះ​នេះ​ហើយ អ្នក​ផង​ក៏​ប្រឌិត​បាន​ជា​រឿង​ព្រេង​មួយ​ឡើង ដែល​ដក​ស្រង់​ពី​រឿង​មាន​ស្រាប់​មក​ហើយ គឺ​រឿង​ព្រះ​ថោង​នាង​នាគ​នោះ​ឯង ៖
ក្នុង​កាល​កន្លង​យូរ​មក​ហើយ កាល​នោះ​មាន​សេ្តច​ខ្មែរ​យើង​មួយ​អង្គ​ព្រះ​នាម​ព្រះ​ថោង។ រឿង​ដើម​នៃ​ក្សត្រ​អង្គ​នេះ គឺ​ព្រះ​អង្គ​ជា​ព្រះ​អង្គ​ម្ចាស់​មួយ​ព្រះ​អង្គ មាន​ការ​តូច​ព្រះ​ទ័យ​និង​បិតា ដែល​តំរូវ​ឱ្យ​ព្រះ​អង្គ​គោរព​បូជា​ព្រះ​អនុជ​ពៅ ម៉្លោះ​ហើយ​ទ្រង់​យាង​ចាក​ចេញ​ពី​ព្រះ​រាជ​វាំង​ជាមួយ​ស្ម័គ្រ​បក្ស​ពួក ចេញ​ឆ្ងាយ​ពី​រាជ​វាំង​ទៅ​ដល់​ឆ្នេរ​ខ្សាច់​មួយ​មាន​ដើម​ធ្លក​មួយ​ដើម​ដុះ​ នា​កណ្តាល​វាល​ខ្សាច់​នោះ។ ព្រះ​អង្គ​បញ្ឈប់​ពល​រេហ៏​នៅ​ទី​នោះ​សម្រាក​ព្រះ​កាយ​នៅ​ក្រោម​ដើម​ធ្លក។ ពេល​ព្រលឹម​ស្វាង​ឡើង ព្រះ​អង្គ​យាង​មួយ​ព្រះ​អង្គ​ឯង លំហែរ​កាយ​តាម​មាត់​សមុទ្រ​កាន់​តែ​ឆ្ងាយ​ទៅ​ៗ ស្រាប់​តែ​ឮ​សំលេង​មនុស្ស​អ៊ូអរ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​បាន​ជួប​នឹង​នាង​នាគ ដែល​កំពុង​នាំ​ភិលៀង​មក​កំសាន្ត​ឆ្នេរ​សមុទ្រ​នេះ។ ព្រះ​អង្គ​បាន​លួង​លោម​ប្រតិព័ទ្ធ​ នាង​នាគ​ក៏​យល់​ព្រម តែ​សូម​ឱ្យ​ព្រះ​អង្គ​តោង​កន្ទុយ​នាគ ដើម្បី​ជ្រែក​ទឹក​ទៅ​កាន់​ឋាន​នាគ ថ្វាយ​បង្គំ​ព្រះ​ភុជង្គ​នាគ​ជា​ព្រះ​បិតា។ លុះ​ព្រះ​អង្គ​តាម​ព្រះ​នាង​ទៅ​ដល់​ឋាន​នាគ​អស់​រយៈ​៧ថ្ងៃ ក៏សូម​លា​ព្រះ​បិតា​ក្មេក​នាំ​មហេសី​មក​ឋាន​មនុស្ស​វិញ។ កាល​នោះ​ព្រះ​បាទ​ភុជង្គនាគ បាន​រៀប​ចំ​ប្រដាប់​ប្រដា ជា​ទ្រព្យ​មាន​តំលៃ​ចំនួន​៥​សំពៅ ដើម្បី​ដង្ហែ​ព្រះរាជ​បុត្រ​មក​គ្រប់​គ្រង​រាជ្យ​នៅ​ឋាន​មនុស្ស​លោក។ សំពៅ​ទាំង​៥​នោះ បើក​ក្តោង​សំដៅ​មាត់​សមុទ្រ​ជាយ​ដែន​ប្រទេស ហើយ​ក៏​ចូល​ចត​តំរៀប​គ្នា រើ​ប្រដាប់​ប្រដា​ចេញ​ពី​សំពៅ ហើយ​ដឹក​ជញ្ជូន​យក​ទៅ​រក​ទី​ណា​មួយ មាន​ទី​ទួល​ខ្ពស់​រៀប​ចំ​កសាង​ជា​ទី​ក្រុង​ឡើង។ ឯ​សំពៅ​ទាំង​ប្រាំ​នោះ​ក៏​បញ្ឈរ​ទុក​សម្រាប់​ព្រះ​អង្គ​មាន​ដំណើរ​ទៅ​ណា​មក​ ណា ទ្រង់​គង់​ក្រសាល​តាម​ព្រះ​ចិន្តា។ ពល​រេហ៏​ទាំង​៥០០​នាក់​ក៏​ដង្ហែ​ព្រះ​ថោង​និង​នាង​នាគ ទៅ​ចាប់​ស្ថាបនា​ទីក្រុង​រាជនិ​វេសន៏​ទាំង​អស់​គ្នា​ទៅ នៅ​សល់​តែ​សំបក​សំពៅ លុះ​អស់​កាល​ជា​យូរ​លង់​ក្រោយ​មក ឆ្នេរ​សមុទ្រ​ចេះ​តែ​ស្រុត​ស្រក​ឆ្ងាយ​ទៅៗ ដី​ក៏​កាន់​តែ​ដុះ​ខ្ពស់​ឡើងៗ សំពៅ​ទាំង​ប្រាំ​នោះ​ក៏​កឿង​នៅ​ជាប់​នឹង​ច្រាំង ហើយ​យូរៗ​ទៅ​ក៏​រឹង​ទៅ​ជា​ថ្ម​លិច​បាត់​តួ​សំពៅ​ទៅ​ក្នុង​ដី នៅ​សល់​តែ​ក្តោង​ទាំង​៥ ដែល​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ។
នេះ​ហើយ​ជា​រឿង​ព្រេង​ដែល​អ្នក​ស្រុក​ប្រឌិត ភ្ជាប់​នឹង​ស្ថាន​ភាព​វត្ត​នៅ​លើ​ភ្នំ​បូក​គោ។ ប៉ុនែ្ត​បើ​តាម​ការ​ស្រាវ​ជ្រាវ​វិញ​វត្ត​នេះ​ពុំ​មែន​ជា​វត្ថុ​បុរាណ​ណាស់​ ណា​ទេ ក៏​ជា​វត្ត​ថ្មីមួយ​ដែល​ព្រះ​ករុណា​ព្រះបាទ​ព្រះ​ស៊ីសុវត្ថិ​មុនីវង្ស ព្រះ​ចៅ​​ប្រទេស​កម្ពុជា ទ្រង់​កសាង​ឡើង​កាល​ពី​ គ.ស ១៩២៤ គឺ​នៅ​គ្រា​ដែល​រាជ​ការ​អាណា​ព្យាបាល​បារាំង គេ​ស្ថាបនា​ទី​តំបន់​បូក​គោ​ធ្វើ​ជា​ទី​លំហែរ​សម្រាប់​យក​ខ្យល់​ត្រជាក់​តាម ​ធាតុ​អាកាស​ស្រុក​អ៊ឺរ៉ុប។ កាល​នោះ​រាជ​ការ​បារាំង គេ​បាន​ថ្វាយ​ចំពោះ​ព្រះ​កុរណា​ជា​អង្គ​ម្ចាស់​ជីវិត នូវ​ទី​កន្លែង​មួយ​សម្រាប់​ព្រះ​អង្គ​ស្ថាបនា​ជា​ព្រះ​ដំណាក់​មួយ​នៅ​បូកគោ​ នោះ ដូច្នោះ​ហើយ​ព្រះ​អង្គ​ក៏ផ្តួច​ផ្តើម​ព្រះ​ទ័យ​កសាង​ជា​វត្ត​មួយ​នេះ​ឡើង ដោយ​ជ្រើស​រើស​យក​ទី​ទួល​ដែល​ជាប់​នឹង​ផែន​ថ្ម​៥​សន្លឹក​ធំៗ​នោះ សង់​ជា​ព្រះ​វិហារ​មួយ​តូច​តែ​ស្អាត​ស្អំ និង​ចេតីយ​មួយ​ទៀត​នៅពី​មុខ​ព្រះវិហារ​នេះ ហើយ​សន្មត់​យក​នា​ភាភិធេយ្យ​ថា “វត្តសំពៅ​ប្រាំ” គឺ​យក​តាម​លំនាំ​ទី​កន្លែង​លើ​ទួល​នោះ ដែល​មាន​សន្លឹក​ផែន​ថ្ម​ធំៗ ដូច​ជា​ក្លោង​សំពៅ​ប្រាំ​ផ្ទាំង ឋិត​នៅ​ត្រង់​នោះ​ស្រាប់។
សព្វ​ថ្ងៃ​បូក​គោ​ជា​ទី​មនោរម្យ​មួយ​សម្រាប់​ទេសចរណ៏ ធ្វើ​ដំណើរ​ទៅ​លំហែរ​សម្រាក​កាយ​នៅ​គ្រប់​ពេល​ឈប់​សម្រាក ម្ល៉ោះ​ហើយ​វត្ត​សំពៅ​ប្រាំ ក៏​ទៅ​ជា​រម្យណីយ​ដ្ឋាន​មួយ​ដែល​គេ​ស្គាល់​ច្រើន​ដែរ។

Friday, February 11, 2011

ផែនទីក្រុងកំពត

កំពត គឺជាខេត្ដមួយក្នុងចំណោមខេត្ដទាំង ២៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅផ្នែកខាង ត្បូងនៃផ្ទៃប្រទេស និងមានមានចំងាយ ១៤៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ ៣ ។ ខេត្ដកំពតមានព្រំប្រទល់ខាងជើងជាប់នឹងខេត្ដកំពង់ស្ពឺ ខាងកើតជាប់នឹងខេត្ដតាកែវ ខាងលិចជាប់នឹងខេត្ដ ព្រះសីហនុ ខាងត្បូងជាប់នឹងប្រទេសវៀតណាម ។ ប្រជាជនភាគច្រើននៅក្នុងខេត្ដនេះភាគច្រើនជាកសិករ និងអ្នកនេសាទសមុទ្រ ។ នៅក្នុងវិស័យសុខាភិបាល ខេត្ដកំពតមានស្រុកប្រតិបត្ដិចំនួនបួនគឺៈ ស្រុកប្រតិបត្ដិ កំពត , កំពង់ត្រាច , អង្គរជ័យ និង ឈូក ។